បទបញ្ញត្តិនិងលក្ខន្តិកៈ
នៃការប្រកួតប្រជែង
បទបញ្ញត្តិខាងក្រោមនេះត្រូវបានតាក់តែងឡើងដើម្បីកំណត់លក្ខន្តិកៈ និងលក្ខខណ្ឌនៃការវិនិច្ឆ័យ ដែលទាមទារចាំបាច់ដើម្បីទទួលបានសិទ្ធិអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតប្រជែងនេះ។ បេក្ខជនទាំងអស់បានឯកភាព និងយល់ព្រមគោរពតាមបទបញ្ញត្តិនិងលក្ខន្តិកៈ ទាំងអស់នេះ។
បទបញ្ញត្តិ
ប្រការ១) ការប្រកួតប្រជែងនេះ បើកទូលាយសម្រាប់បេក្ខជនទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងការប្រកួត ដោយរាប់បញ្ចូលទាំងជនជាតិខ្មែរ ជនដែលមានសញ្ញាតិខ្មែរ ជាជនបរទេសឬជានិវេសនជន ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានទិដ្ឋការស្នាក់នៅរយៈពេលវែង។ បេក្ខជនទាំងអស់អាចចូលរួមក្នុងការប្រកួតប្រជែងនេះដោយឥតគិតថ្លៃ ដោយពុំមានកំណត់ លក្ខខណ្ឌបច្ចេកទេស (technical constraints) និងត្រូវគោរពតាមបទបញ្ញត្តិនិងលក្ខន្តិកៈ នៃការប្រកួត។
ប្រការ២) បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវចុះឈ្មោះចូលរួមក្នុងការប្រកួតប្រជែង ចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ តុលា ឆ្នាំ២០២៣ ជាកំហិត។
ប្រការ៣) បេក្ខជនត្រូវចូលទៅបំពេញទម្រង់បែបបទនៃការចុះឈ្មោះចូលរួមប្រកួត តាមប្រព័ន្ធអនឡាញ (e-registration) ដោយមានភ្ជាប់មកជាមួយនូវ រូបថត១សន្លឹក (រូបថតបិតកាត ឬ an ID photo)។ ទម្រង់បែបបទនៃការចុះឈ្មោះចូលរួមប្រកួតមាននៅលើគេហទំព័រ RECREATION-CAMBODIA.COM ហើយក៏មានបង្ហាញផងដែរនៅលើគេហទំព័ររបស់សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) និង សារព័ត៌មានអនឡាញ ថ្មីៗ (THMEY THMEY) ។
ប្រការ៤) នៅពេលដែលបេក្ខជនមួយរូបបានបំពេញទម្រង់បែបបទចុះឈ្មោះនៅលើគេហទំព័រ RECREATION-CAMBODIA.COM រួចរាល់ហើយ លេខសម្គាល់តែមួយគត់នឹងត្រូវបានបង្កើតឡើងសម្រាប់បេក្ខជនផ្ទាល់ ដើម្បីសម្គាល់អត្តសញ្ញាណរបស់បេក្ខជនដែលបានចុះឈ្មោះឱ្យដាច់ដោយឡែកពីគ្នា និងជាលេខតែមួយគត់សម្រាប់សម្គាល់កិច្ចការឬស្នាដៃ ដែលបេក្ខជននោះបានដាក់ស្នើសុំចូលរួមក្នុងការប្រកួត។
ប្រធានបទនៃការប្រកួត
ប្រការ៥) ស្នាដៃដែលត្រូវបានបង្កើតឡើងត្រូវតែជាទម្រង់សិល្បៈរូបិយ (tangible artistic creation) អាចជារូបគំនូរឬស្នាដៃការច្នៃប្រឌិតផ្សេងៗ ស្នាដៃនោះត្រូវតែបំផុសនូវគំនិតនិងបង្ហាញ អត្ថន័យនៃប្រធានបទនៃការប្រកួតគឺ “ឯករាជ្យភាព” “INDEPENDENCE” ដោយអាចរួមបញ្ចូលទាំងគំនិតផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយប្រធានបទគោលនេះ។
ប្រការ៦) មិនមានការកំណត់លក្ខខណ្ឌ ឬដាក់កម្រិតជាក់លាក់ទៅលើទំហំ (size) ឬសម្ភារៈ ឧបករណ៍ វត្ថុធាតុ (base material) សម្រាប់ស្នាដៃ ដែលត្រូវបានបង្កើតឬផលិតឡើងនោះទេ។
ប្រការ៧) ស្នាដៃច្នៃប្រឌិតសិល្បៈបែបរូបិយ (concrete or tangible artistic creation) ដែលបេក្ខជននឹងដាក់ស្នើសុំចូលរួមក្នុងការប្រកួតនឹងត្រូវដាក់បង្ហាញជាសាធារណៈ។ ស្នាដៃនេះផងដែរត្រូវតែមិនទាន់ត្រូវបានបោះពុម្ពផ្សាយ ជាស្នាដៃដើមរបស់អ្នកផលិតដោយគ្មានការលួចចម្លងឬបំភ្លៃ ត្រូវមានលក្ខណៈថ្មីប្លែកគួរឱ្យចាប់អារម្មណ៍ និងគ្មានការបង្ហាញឬបង្កើតជាអត្ថន័យ ដែលមានលក្ខណៈជាការវាយប្រហារ ឬបង្ហាញទស្សនៈអវិជ្ជមាន ទៅលើបុគ្គលណាម្នាក់ ឬរឿងរ៉ាវអ្វីមួយ។ បេក្ខជនត្រូវដាក់ចំណងជើងសម្រាប់ស្នាដៃដែលនឹងត្រូវបានបង្កើតឡើងនោះ ដោយយោងតាមប្រធានបទដែលបានកំណត់ពីខាងដើម។
ប្រការ៨) គណៈកម្មាការវិនិច្ឆ័យនៃការប្រកួត នឹងវាយតម្លៃទៅលើស្នាដៃច្នៃប្រឌិត ដោយផ្អែកទៅលើភាពអនុលោមជាមួយនឹងប្រធានបទ (conformity to the theme “INDEPENDENCE”) រួមទាំងប្រភពនិងភាពជាម្ចាស់ដើមនៃស្នាដៃ (originality) ចន្លោះពីខែវិច្ឆិកា ដល់ខែធ្នូ។
ការដាក់ស្នើ ស្នាដៃ ដើម្បីចូលរួមប្រកួតប្រជែង
ប្រការ៩) ជំហានដំបូង បេក្ខជនត្រូវតែផ្ញើរ ស្នាដៃរបស់ខ្លួនទៅកាន់អាស័យដ្ឋានសារអេឡិចត្រូនិក (email) ដែលមានដាក់បង្ហាញជូនលើទម្រង់បែបបទនៃការចុះឈ្មោះប្រកួត ក្នុងទម្រង់ជារូបភាពឌីជីថល (digital photo) ដោយមានភ្ជាប់ជាមួយវិមាត្រ (dimension)។
ប្រការ១០) កាលបរិច្ឆេទផុតកំណត់នៃការដាក់ស្នើរូបថតស្នាដៃ ដើម្បីចូលរួមប្រកួត គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកសមាជិកនៃគណៈកម្មាការប្រកួត នឹងត្រួតពិនិត្យវាយតម្លៃលើស្នាដៃដែលត្រូវបានដាក់ស្នើសុំចូលរួមប្រកួតប្រជែង។
ប្រការ១១) បេក្ខជនត្រូវតែបង្ហាញប្រាប់ពីទីកន្លែង ឬអាស័យដ្ឋានដែលបានដាក់តាំងស្នាដៃរបស់ខ្លួន ដើម្បីអាចឱ្យសមាជិកនៃគណៈកម្មាការប្រកួតរបស់យើងចុះទៅត្រួតពិនិត្យបាន លើស្នាដៃដែលត្រូវបានដាក់ស្នើសុំចូលរួមប្រកួត។
ប្រការ១២) ការត្រួតពិនិត្យវាយតម្លៃ និងការជ្រើសរើសស្នាដៃ នឹងត្រូវធ្វើឡើងក្នុងរយៈពេល១ (មួយ) ខែ។ ក្រោយទទួលបានការជូនដំណឹងស្តីពីលទ្ធផលនៃការជ្រើសរើសហើយ បេក្ខជនដែលទទួលបានជ័យលាភី ត្រូវតែផ្ញើរស្នាដៃរបស់ខ្លួនទៅកាន់សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) ដោយខ្លួនឯង (ការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន)។
គណៈកម្មាការវិនិឆ្ឆ័យ សម្រាប់ការប្រកួតប្រជែង
ប្រការ១៣) សមាសភាពគណៈកម្មាការវិនិច្ឆ័យសម្រាប់ការប្រកួតនេះ មានសមាជិក៧ (ប្រាំពីរ) រូប។ សមាជិកគណៈកម្មាការវិនិច្ឆ័យនិងត្រូវបានជ្រើសរើសតែងតាំងចេញពីក្រុមការងាររៀបចំកម្មវិធីប្រកួតប្រជែងនេះ។ សមាសភាពសមាជិកផ្សេងទៀតនឹងត្រូវបានអញ្ជើញមកពី វិទ្យាស្ថានវប្បធម៌បារាំងមួយរូប(IFC) សាស្រ្តាចារ្យផ្នែកសិល្បៈមួយរូប សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរាជធានីភ្នំពេញមួយរូប (RUFA) និងមួយរូបទៀតជាអ្នកសារព័ត៌មានផ្នែកវប្បធម៌ដែលមានជំនាញវិជ្ជាជីវៈផ្នែកវិចិត្រសិល្បៈ (professional in fine arts) ដែលអញ្ជើញមកពីសារព័ត៌មានអនឡាញ ថ្មីៗ (THMEY THMEY)។
ប្រការ១៤) សមាសភាពគណៈកម្មាការនេះ មានតួនាទីជ្រើសរើសស្នាដៃសិល្បៈ ដែលបេក្ខជននឹងដាក់ស្នើសុំចូលរួមប្រកួត ដោយអនុលោមតាម ភាពជាស្នាដៃដើម (originality) និងគុណភាព (quality) នៃស្នាដៃទាំងនោះ។ សមាសភាពគណៈកម្មាការនេះក៏មានតួនាទីកំណត់ថា ស្នាដៃណាដែលគោរពបានត្រឹមត្រូវតាមបទបញ្ញត្តិ លក្ខន្តិកៈ និងប្រធានបទនៃការប្រកួត ហើយនឹងអាចទទួលបានការជ្រើសរើសដើម្បីដាក់តាំងបង្ហាញក្នុងពិធីតាំងពិព័រណ៍ និងសម្រាប់ចូលរួមប្រកួតប្រជែងយកពានរង្វាន់ “EKARIEACH 2023 Prize” ជាលើកដំបូងគេបំផុត។
ប្រការ១៥) គណៈកម្មាការវិនិច្ឆ័យនៃការប្រកួត ប្តេជ្ញាប្រកាន់គោលជំហរលើការប្រកួតប្រជែងដោយស្នើភាព និងផ្តល់ការវិនិច្ឆ័យដោយសុក្រិត្យ មិនលំអៀង (impartiality)។ គណៈកម្មាការអាចនឹងធ្វើការប្រជុំនិងជំនួបតាមប្រព័ន្ធអនឡាញ (online meeting) និងធ្វើសេចក្តីសម្រេចដើម្បីប្រគល់ពានរង្វាន់ “Jury Prize” ដែលមានទឹកប្រាក់៣,០០០ (បីពាន់) ដុល្លារអាមេរិក។ គណៈកម្មាការ អាចមានសិទ្ធិពន្យារពេលនៃការផ្តល់ពានរង្វាន់ “Jury Prize” និងពានរង្វាន់ “the Young Talent Prize” រហូតដល់អំឡុងពេលនៃការដាក់តាំងពិព័រណ៍ ដែលនឹងបា្ររព្ធធ្វើឡើងនៅដើមឆ្នាំ២០២៤។
ក្នុងករណីដែលមានការរកឃើញថាស្នាដៃសិល្បៈដែលបានដាក់ស្នើសុំចូលរួមប្រកួត មានការលួចចម្លងឬបន្លំ ឬល្បិចឧបាយកលដែលត្រូវបានរៀបចំទុកជាមុន ឬការបំពានមិនគោរពតាមបទបញ្ញត្តិនិងលក្ខន្តិកៈ នៃការប្រកួតប្រជែង សមាសភាពគណៈកម្មាការប្រកួតមានសិទ្ធិសម្រេចថា ត្រូវបញ្ឈប់ការចូលរួមប្រកួតរបស់បេក្ខជន ឬធ្វើមោឃៈភាពលើបេក្ខភាពដែលបានស្នើសុំចូលរួមប្រកួត មុនកាលកំណត់នៃនិតិវិធីការប្រកួត។ គ្រប់ស្នាដៃដែលទទួលបានជ័យលាភីនឹងនៅតែជាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់អ្នកផលិតឬអ្នកនិពន្ធដដែល។ សមាជិកគ្រប់រូបនៃគណៈកម្មាការវិនិច្ឆ័យការប្រកួត បេ្តជ្ញាចិត្តប្រកាន់ខ្ចោបភារកិច្ចជាចាំបាច់របស់ខ្លួនក្នុងការវិនិច្ឆ័យ ដោយអនុលោមតាមគោលការណ៍ ប្រកួតប្រជែងដោយ “ស្នើភាព” (“fair” competition)។
ប្រការ១៦) គណៈកម្មាការនៃការប្រកួតអាចផ្ទេរសិទ្ធិអំណាចរបស់ខ្លួន ដោយការអនុម័តតែងតាំង សមាជិកមួយរូបក្នុងចំណោមសមាជិកផ្សេងទៀតជាតំណាង ដើម្បីចុះទៅត្រួតពិនិត្យវាយតម្លៃ ដោយផ្ទាល់ “DE VISU” នូវស្នាដៃស្នើសុំចូលរួមប្រកួត ដែលមានទីតាំងស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញ។
ការតាំងពិព័រណ៍ស្នាដែដែលទទួលបានជ័យលាភី
ប្រការ១៧) អំឡុងខែធ្នូ ឆ្នាំ២០២៣ ក្រុមការងាររៀបចំការប្រកួតនឹងជូនដំណឹងដល់បេក្ខជនជ័យលាភី ដោយបេក្ខជនត្រូវតែផ្ញើរស្នាដៃដើមរបស់ខ្លួនទៅកាន់សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra) ដោយខ្លួនឯង (ការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន) ដើម្បីដាក់តាំងក្នុងសាលតាំងពិព័រណ៍ ដែលនឹងត្រូវបើកជាសាធារណៈ និងប្រារព្ធធ្វើឡើងក្នុងខែមករា ឆ្នាំ២០២៤។
ប្រការ១៨) សណ្ឋាគារនឹងចេញលិខិតមួយដើម្បីបញ្ជាក់ពីការទទួលបានស្នាដៃសិល្បៈ នៅពេលទទួលបានការផ្ញើរស្នាដៃពីបេក្ខជនជ័យលាភីទាំងអស់។ សណ្ឋាគារសូហ្វីតែល (The Sofitel) នឹងផ្តល់ ជូនការធានារ៉ាប់រង សម្រាប់ស្នាដៃសិល្បៈទាំងអស់ដែលត្រូវបានដាក់តាំងបង្ហាញក្នុងអំឡុងពេលនៃការតាំងពិព័រណ៍។
ប្រការ១៩) បេក្ខជនមានសិទ្ធិសម្រេចបានថាអាចលក់ស្នាដៃដែលទទួលបានជ័យលាភីរបស់ខ្លួនក្នុងអំឡុងពេលនៃការតាំងពិព័រណ៍ ដោយបេក្ខជនបានឯកភាពយល់ព្រមគោរពតាមបទបញ្ញត្តិ និងលក្ខន្តិកៈ នៃការដាក់លក់ នូវស្នាដៃសិល្បៈដែលត្រូវបានបង្ហោះផ្សាយនៅលើគេហទំព័រ RECREATION-CAMBODIA.COM ។
ប្រការ២០) ពិធីតាំងពិព័រណ៍នឹងផ្តល់សិទ្ធិដល់អ្នកដែលបានអញ្ជើញមកទស្សនាពិព័រណ៍ ចូលរួមបោះឆ្នោត ជាសម្ងាត់ ដើម្បីស្វែងរកស្នាដៃសិល្បៈដែលនឹងឈ្នះពាន់រង្វាន់ “the Public Prize” ដែលមានតម្លៃជាទឹកប្រាក់១,៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក។
ប្រការ២១) គណៈកម្មាការនៃការប្រកួត នឹងប្រគល់ពានរង្វាន់ជូនដល់បេក្ខជន១ (មួយ) រូប ដែលមានវ័យក្មេងជាងគេ ក្នុងចំណោមបេក្ខជនដែលទទួលបានជ័យលាភីទាំងអស់ សម្រាប់ការដាក់តាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាលើកដំបូង នូវរង្វាន់ជាទឹកប្រាក់៥០០ (ប្រាំរយ) ដុល្លារអាមេរិក។
ប្រការ២២) បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមប្រកួត បេក្ខជនដែលនឹងទទួលបានជ័យលាភីត្រូវឯកភាពទៅលើទម្រង់បែបបទនៃការចុះឈ្មោះស្នើសុំចូលរួមប្រកួត និងលក្ខខណ្ឌនៃការដឹកជញ្ជូនស្នាដៃសិល្បៈទៅដាក់តាំងបង្ហាញក្នុងពិធីពិព័រណ៍ ដោយយល់ព្រមប្រតិបត្តិ និងគោរពតាមគ្រប់ប្រការទាំងអស់ក្នុងបទបញ្ញត្តិនិងលក្ខន្តិកៈនៃការចូលរួមប្រកួតប្រជែង ដែលមានចែងជាធរមាន ។
ពិធីប្រគល់ពានរង្វាន់
ប្រការ២៣) ពិធីប្រគល់រង្វាន់នឹងត្រូវប្រារព្ធធ្វើឡើងដោយមានការចូលរួមពីសំណាក់បណ្តា
សារព័ត៌មាន នៅទីតាំងមួយដែលយើងនឹងជម្រាបជូនដំណឹងនៅពេលក្រោយ។ នៅថ្ងៃប្រារព្ធពិធីប្រគល់រង្វាន់នោះដែរ បេក្ខជនដែលឈ្នះពានរង្វាន់ មានសិទ្ធិអាចកែប្រែតម្លៃសម្រាប់លក់ស្នាដៃរបស់ខ្លួន ឬក៏អាចដាក់ស្នាដៃរបស់ខ្លួនសម្រាប់ការដេញថ្លៃបាន។